ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ព្រឹក​ថ្ងៃ​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​កែទម្រង់​ច្បាប់​របស់​រាជរដ្ឋាភិបាល

ព្រឹក​ថ្ងៃ​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​កែទម្រង់​ច្បាប់​របស់​រាជរដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែ​អាសាឍ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៥​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​កែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​។​

​យោងតាម​របាយការណ៍​របស់លោក​ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ការកែទម្រង់​ច្បាប់​នៅ​កម្ពុជា ត្រូវបាន​បង្កើតឡើង​រួមគ្នា​នឹង​ការកែទម្រង់​យុត្តិធម៌ តាមរយៈ​ការអនុម័ត​ជា​ផ្លូវការ​នូវ​កម្មវិធី «​ការកែទម្រង់​ច្បាប់ និង​តុលាការ​» ដោយ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០០៣ ក្រោម​អធិបតីភាព​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ដ្រី​កម្ពុជា និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា ក្នុង​ចក្ខុវិស័យ​បង្កើត​នូវ​វិស័យ​ច្បាប់ និង​តុលាការ​មួយ​ដែល​អាច​ជឿ​ទុកចិត្តបាន និង​មាន​ស្ថិរភាព សម្រាប់​ទ្រទ្រង់​គោលការណ៍​សិទ្ធិ​របស់​បុគ្គល ការបែងចែក​អំណាច​ដាច់ពីគ្នា និង​នីតិរដ្ឋ នៅក្នុង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស តាមរយៈ​ការលើក​ស្ទួយ​នូវ​ការរីកចម្រើន​សេដ្ឋកិច្ច​នាំមុខ​ដោយ​វិស័យ​ឯកជន​។​

​ក្នុង​ទស្សនវិស័យ​នៃ​ការ​បង្កើនល្បឿន​ការកែទម្រង់​ច្បាប់ និង​តុលាការ រាជរដ្ឋាភិបាល​ក៏បាន​អនុម័ត​នូវ​កម្មវិធី​សកម្មភាព​សម្រាប់​អនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់​ច្បាប់ និង​តុលាការ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០០៥ ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល់​ទី​១ និង​ដែល​ត្រូវ​បាន​បន្ត​ចាត់ទុក​ជា​ការងារ​អាទិ​ភាព​នៅ​ដំណាក់កាល​ទាំង​បួន នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា ដោយ​ពិនិត្យឃើញ​អំពី​វិសាលភាព សារៈសំខាន់ និង​ភាពចាំបាច់​នៃ​ការជំរុញ​ល្បឿន​នៃ​ការកែទម្រង់​ច្បាប់ រាជរដ្ឋាភិបាល​នីតិកាល​ថ្មី ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពស្វាហាប់ និង​ជវភាព​ថ្មី​របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ដើម​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា​នេះ បាន​សម្រេច​ធ្វើ​វិចារណ​កម្ម​ស្ថាប័ន​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ដោយ​បង្កើត​ស្ថាប័ន​ពីរ​ដោយឡែក​ពីគ្នា គឺ គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់ ដឹកនាំ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ផ្តោត​លើ​ការកែទម្រង់​ប្រព័ន្ធ​ច្បាប់​ទាំងមូល​របស់​ប្រទេស រីឯ​គណៈកម្មាធិការ​ដឹក​នាំ​ការកែទម្រង់​យុត្តិធម៌ ដឹកនាំ​ដោយ​ក្រសួង​យុត្តិធម៌ ដែល​ផ្តោត​លើ​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ប្រទេស ស្រប​តាម​អាទិភាព​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​ត្រូវបាន​ចារឹក​ទុកជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​។​

​ស្របតាម​ទិសដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​នេះ រាជរដ្ឋាភិបាល បាន​បង្កើត​គណៈកម្មាធិកា​រ​ដឹកនាំ​ការកែទម្រង់​ច្បាប់ តាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០២២៤/១៥០ ចុះ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​បាន​កំណត់​តួនាទី និង​ភារកិច្ច ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការដឹកនាំ គាំទ្រ សម្របសម្រួល និង​ជំរុញ​ការអនុវត្ត​ការងារ​កែ​ទម្រង់​ច្បាប់ និង​ពង្រឹង​មុខងារ​នីតិកម្ម នៃ​ក្រសួង ស្ថាប័ន របស់​រាជរដ្ឋាភិបាល​ជាមួយ​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ក្នុង​បុព្វហេតុ នៃ​ការពង្រឹង​និង​ពង្រីក​គុណភាព និង​ប្រសិទ្ធភាព​នៃ​វប្បធម៌​នីតិរដ្ឋ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ស្មារតី​នេះ គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់ បានរៀបចំ «​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី កែទម្រង់​ច្បាប់​របស់​រាជរដ្ឋាភិបាល​» ដែល​ជា​មគ្គុទេសក៍​បង្ហា​ញ​ផ្លូវ ក្នុង​ការដឹកនាំ សម្របសម្រួល ការផ្តល់​ប្រឹក្សា ការតាក់តែង ការត្រួតពិនិត្យ​ការអនុវត្ត និង​ការដោះស្រាយ​វិវាទ​នៃ​ច្បាប់ ដោយ​ត្រូវ​ធានា ប្រសិទ្ធភាព និង​ស័ក្ដិ​សិទ្ធ​ភាព​នៃ​ការអនុវត្ត​ច្បាប់ ស្រប​តាម​ចក្ខុវិស័យ​និង​យុទ្ធសាស្ត្រ​កែ​ទម្រង់​ច្បាប់​ដោយ កំណត់​ដាក់ចេញ​យុទ្ធសាស្ត្រ​គន្លឹះ​ចំនួន​៤​គឺ យុទ្ធសាស្ត្រ​គន្លឹះ​ទី​១ ដឹកនាំ និង​សម្របសម្រួល​ចងក្រង និង​ផ្សព្វផ្សាយ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត យុទ្ធសាស្ត្រ​គន្លឹះ​ទី​២ ដឹកនាំ និង​សម្របសម្រួល​រៀបចំ ក្របខ័ណ្ឌ​តាក់តែង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត យុទ្ធសាស្ត្រ​គន្លឹះ​ទី​៣ ដឹកនាំ​និង​សម្របសម្រួល​ពិនិត្យ និង​វាយតម្លៃ​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការតាក់តែង​និង​ការអនុវត្ត​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត និង​យុទ្ធសាស្ត្រ​គន្លឹះ​ទី​៤ ដឹកនាំ​និង​សម្របសម្រួល​រៀបចំ​ក្របខ័ណ្ឌ​ដោះស្រាយ​វិវាទ​គតិយុត្ត និង ការពារ​នីត្យានុកូលភាព​។​

​ផ្អែក​តាម​យុទ្ធសាស្ត្រ​គន្លឹះ​ទាំង​៤​ខាងលើ គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់​បាន​រៀបចំ​នូវ​គោលដៅ​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ច្បាប់​ចំនួន​៤ ដែល​អាច​សម្រេច​តាម​ជំហាន​នៃ​ការកែទម្រង់ និង​លំដាប់​អាទិភាព​នៃ​សេចក្តីត្រូវការ​ជាក់ស្ដែង​សម្រាប់​រយៈពេល​២០​ឆ្នាំ​ទៅ​មុខ ដែល​ចែក​ជា ៤​ដំណាក់កាល​រួមមាន​៖

​ទី​១៖ ពិនិត្យា​នុ​ភាវូបនីយកម្ម​នៃ​លិខិត​បទដ្ឋា​នគតិ​យុ​ត្ត (Accessibility of Laws) សំដៅ​ដល់​ការផ្សព្វផ្សាយ​ជា​សាធារណៈ តាម​បែប​ប្រពៃណី​ផង (​លិខិត​រឹង​) និង​បែប​ទំនើប ឬ​ឌីជីថល (​លិខិត​ទន់​) ដែល​ធានា​ភាពជឿ​ទុកចិត្ត​បាន សុពលភាព​គតិយុត្ត អាច​ជំទាស់​បាន និង​ទទួលស្គាល់ ឬ​ទទួលខុសត្រូវ​ដោយសា្ថ​ប័នជាក់លាក់ (​ជាក់ស្តែង​ទីស្តីការគណៈរដ្ឋមន្ត្រី​)

​ទី​២៖ សុខដុម​ភាវូបនីយកម្ម​នៃ​បទដ្ឋាន​គតិយុត្ត (Harmonization of Laws) សំដៅ​ដល់​ការធានា​សង្គតិភាព បូរណភាព និង​នីត្យានុកូលភាព នៃ​ការតាក់តែង​សេចក្តីព្រាង​ច្បាប់ ការបកស្រាយ និង​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​

​ទី​៣៖ ឯ​ក​សណ្ឋា​នូប​នីយកម្ម​ប្រព័ន្ធច្បា​ប់ (Uniformization of Legal System) សំដៅ​ដល់​ការ​បន្ស៉ី​គ្នា​រវាង​ប្រព័ន្ធ​ច្បាប់​ខ្មែរ​បច្ចុប្បន្ន ជាមួយ​ប្រព័ន្ធ​ច្បាប់​ផ្សេងៗ ស្របតាម​តម្រូវការ​កែទម្រង់​នានា​របស់​ក្រសួង ស្ថាប័ន នៃ​រាជរដ្ឋាភិបាល​ក្នុង​បំណង​ធានា​ឯកភាព​ជា​ប្រព័ន្ធ​នៃ​នីតិរដ្ឋ​កម្ពុជា​

​ទី​៤៖ បូរណភាព​នៃ​ប្រព័ន្ធ​ច្បាប់ និង​ចីរភាព​វប្បធម៌​នីតិរដ្ឋ (Integrity of the Legal System and Continuity in Respect for the Rule of Law) សំដៅ​ដល់​ការកសាង​អត្តសញ្ញាណ​នៃ​ប្រព័ន្ធ​ច្បាប់​កម្ពុជា ដោយ​ធានាបាន​នូវ​ការ​ប្រកាន់ខ្ជាប់​ជា​និរន្តរ៍​នូវ​ការគោរព​ប្រតិបត្តិ និង​តម្កល់​ច្បាប់​ជាធំ​ពី​សំណាក់​ប្រជាពលរដ្ឋ អ្នកដឹកនាំ និង​គ្រប់​ក្រសួង ស្ថាប័ន​ដោយ​ស្មើភាព​គ្នា និង​ជំនឿ​ទុកចិត្ត​។​

​បន្ថែម​ពីលើ​នេះ គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់ និង​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​ត្រូវ​បំពេញ​មុខងារ និង​តួនាទី​ស្នូល​របស់​ខ្លួន​ចំនួន​៤​បន្ថែម​ទៀត​រួមមាន​៖

​ទី​១៖ ភាពជឿ​ទុកចិត្ត​បាន​នៃ​លិខិត​បទដ្ឋាន​គតិយុត្ត សំដៅ​ដល់​លិខិត​បទដ្ឋាន​គតិយុត្ត ត្រូវបាន​ប្រមូលផ្តុំ​និង​ផ្សព្វផ្សាយ ប្រកបដោយ​ភាពជឿ​ទុកចិត្ត​បាន និង​អាច​ជំទាស់​បាន ជូន​ដល់​សាធារណជន ដោយសា្ថ​ប័ន​ទទួលខុស​ត្រូវ​ជាក់លាក់​។ ក្នុងន័យនេះ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត មិន​ត្រឹមតែ តាក់តែងឡើង​ដោយ​បង្កប់​នូវ​គុណ​តម្លៃ​រួម ឆ្លើយតប​នឹង​តថភាព​សង្គម​ជាក់ស្ដែង បម្រើ​ឱ្យ​ការកសាង​ជាតិ និង​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ទាំង​តាម​មធ្យោបាយ​ប្រពៃណី ទាំង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ឌីជីថល ដែល​អនុញ្ញាត​ឱ្យ​មន្ត្រី​អនុវត្ត និង​ប្រជាពលរដ្ឋ អាច​ងាយ​ស្វែងរក ស្វែងយល់ និង​សិក្សា​រៀនសូត្រ​បាន​។ ក្នុងន័យនេះ ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ភារកិច្ច​ធានា​ថា​រាល់​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ដែល​ក្រសួង ស្ថាប័ន បានរៀបចំ​និង​ដាក់ឱ្យអនុវត្ត ត្រូវ​បាន​ប្រមូល​ចងក្រង និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជាអាទិ៍ ការរៀបចំ​ចងក្រង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត តាម​វិស័យ​ផ្អែក​តាម​វិធីសាស្ត្រ​ក្រម​ភាវូបនីយកម្ម ការរៀបចំ​ឱ្យមាន​ប្រព័ន្ធ​គ្រប់គ្រង​និង​ផ្សព្វផ្សាយ​ទិន្នន័យ​រួម និង​ការ​ចងក្រង​ជា​សទ្ទានុក្រម​គតិយុត្ត​តាម​វិស័យ​។​

​ទី​២៖ បូរណភាព​នៃ​នីតិ​ធរមាន​ឬ​នីតិ​វិជ្ជមាន សំដៅ​ដល់​នីតិ​ធរមាន​/​វិជ្ជមាន ដែល​មាន​លក្ខណៈ​ពេញលេញ ប្រទាក់​ក្រឡា សង្គតិភាព និង​ឥត​ខ្វះចន្លោះ​ដែល​ត្រូវបាន​ប្រមូលផ្ដុំ​ពី​គ្រប់​ក្រសួង ស្ថាប័ន ដោយ​បាន​រៀបចំ​សម្រាប់​អនុវត្ត​គោលនយោបាយ និង​យុទ្ធ សាស្ត្រ​របស់​រាជរដ្ឋាភិបាល ស្របតាម​របៀបវារៈ គោលនយោបាយ របស់​រាជរដ្ឋាភិបាល ហើយ​ធានា​បាន​ថា​ផ្ដល់​ផលប៉ះពាល់​ជា​វិជ្ជមាន​ដល់​បុគ្គល សហគមន៍ អង្គការ ក្រុមហ៊ុន ធុរកិច្ច សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ជារួម​។​

​ទី​៣៖ តុល្យភាព​នៃ​មុខងារ និង​សមត្ថកិច្ច សំដៅ​ដល់​ប្រព័ន្ធ​ស្ថាប័ន មុខងារ សមត្ថកិច្ច និង​យន្តការ ដែល​ធានា​ឱ្យមាន​ការបែងចែក​មុខងារ និង​តួនាទី​រវាង​អ្នកអនុវត្ត​ច្បាប់ និង​អ្នកត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់ ប្រកប​ដោយ​គណនេយ្យភាព សុចរិត​ភាព សមធម៌ និង​តុល្យភាព​រវាង​មុខងារ សិទ្ធិអំណាច និង​ការទទួលខុសត្រូវ ជៀសវាង​ការបំពាន​សិទ្ធិអំណាច ដែល​នាំ​ទៅរក​ការប៉ះពាល់​ដល់​គោលការណ៍​គ្រឹះ​នៃ​ជវភាព នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​។​

​ទី​៤៖ មណ្ឌល​ម​ជ្ឈភាព សំដៅ​ដល់​អព្យាក្រឹតភាព និង​ភាព​ជា​កណ្តាល​របស់​គណៈ​កម្មា​ធិ​ការ ដឹកនាំ​ការកែទម្រង់​ច្បាប់ និង​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​ការធានា សម្របសម្រួល និង​ដោះស្រាយ​ភាព​មិន​ស៊ីចង្វាក់​គ្នា ការ​ត្រួតស៊ីគ្នា ឬ​ទំនាស់​រវាង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​សមត្ថកិច្ច​របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ពេល​អនុវត្ត​។ ក្នុង​ករណី​ក្រសួង​ស្ថាប័ន​ពីរ ឬ​ច្រើន មាន​ទស្សនៈ​ផ្សេងគ្នា ក្នុង​ពេល​អនុវត្ត​គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់​និង​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ភារកិច្ច​ស្នូល​ក្នុង​ការធានា​ការឯកភាព​គ្នា ទាំង​លើ​ការប្រើប្រាស់​ពាក្យ​ច្បាប់ ទស្សនាទាន​ច្បាប់ ទាំង​ការ​កំណត់​ខ្លឹមសារ ឬ​អភិក្រម​នៃ​ការបកស្រាយ ខ្លឹមសារ​ច្បាប់​។​

​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​កែទម្រង់​ច្បាប់​របស់​រាជរដ្ឋាភិបាល​នេះ ត្រូវបាន​រៀបចំ និង​ដាក់​ឆ្លង កិច្ចប្រជុំ​ក្នុង​ក្របខ័ណ្ឌ​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់​នា​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៤ និង ដាក់​ពិភាក្សា​យ៉ាង​ទូលំទូលាយ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​នា​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​មាន​សមាសភាព​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន វិជ្ជាជីវ​ករ​ច្បាប់ សាស្ត្រាចារ្យ​នីតិសាស្ត្រ អ្នកជំនាញការ​ជាតិ និង​អន្តរជាតិ ប្រមាណ​២៥០​រូប​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​គូស​រំលេច​ថា កម្ពុជា​ត្រូវការ​ប្រព័ន្ធ​ច្បាប់​មួយ​ដែល​ផ្អែក​លើ​នីតិរដ្ឋ ដើម្បី​ការពារ​ឯករាជ្យ បូរណភាព​ទឹកដី ភាពជា​ម្ចាស់ ការពារ​សិទ្ធិមនុស្ស និង​កម្មសិទ្ធិឯកជន យុត្តិធម៌​សង្គម ព្រមទាំង​គាំទ្រ​ដល់​សេដ្ឋកិច្ច​ទីផ្សារ​ដែល​រស់​រវើក ក៏​ដូចជា​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ទាំងមូល​។​

​សម្តេច​មហា​បវរ​ធិបតី បាន​សង្កត់ធ្ងន់ថា គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់ ត្រូវបំពេញ​តួនាទី​យ៉ាងសំខាន់​ជា​យន្តការ​ដឹកនាំ​សម្របសម្រួល និង​ជំរុញ​អនុវត្ត​ការងារ​កែ​ទម្រង់​ច្បាប់ ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ពង្រឹង​និង​លើកកម្ពស់​គោលការណ៍​នីតិរដ្ឋ សន្តិសុខ​គតិយុត្ត ព្រម​ទាំង​គុណភាព​និង​ប្រសិទ្ធភាព​ច្បាប់​។ ជាមួយគ្នានេះ គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់ ត្រូវបំពេញ​តួនាទី​ក្នុង​ការដឹកនាំ ការសម្របសម្រួល គាំទ្រ និង​ពង្រឹង​មុខងារ​នីតិកម្ម​នៃ​ក្រសួង ស្ថាប័ន របស់ រាជរដ្ឋាភិបាល ជាមួយ​នឹង​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​បុព្វហេតុ​នៃ​ការកសាង​អត្ត​សញ្ញណ នៃ​ប្រព័ន្ធ​ច្បាប់​កម្ពុជា ការពង្រឹង​និង​ពង្រីក​គុណភាព ប្រសិទ្ធភាព​នៃ​វប្បធម៌​នីតិរដ្ឋ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​វិសាលភាព​គ្របដណ្តប់​លើ​ការកសាង​ប្រព័ន្ធ​ច្បាប់​កម្ពុជា​ទាំងមូល​នៅ​លើ​មាគ៌ា​នៃ​ការពង្រឹង​អភិបាលកិច្ច និង​ធានា​ចីរភាព​នៃ​វប្បធម៌​នីតិរដ្ឋ ស្រប​តាមឧ​ត្ត​មានុ​វត្តន៍​អន្តរជាតិ​ផង និង​បរិការណ៍​ប្រវត្តិសាស្ត្រ​កម្ពុជា​ផង​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​គូស​រំលេច​ផងដែរ​ថា ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​កែទម្រង់​ច្បាប់​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវបាន​រៀបរៀង​ដោយ​យកចិត្តទុកដាក់ និង​ពិគ្រោះ​យោបល់​គ្រប់​ជ្រុងជ្រោយ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ដោយ​គណៈកម្មាធិការ​ដឹក​នាំ ការកែទម្រង់​ច្បាប់ គឺជា​មគ្គុទេសក៍​បង្ហាញ​ផ្លូវ​ដំបូង ក្នុង​ការដឹកនាំ គ្រប់គ្រង និង​អនុវត្ត​ការងារ​ទាក់ទង​នឹង​ការកែទម្រង់​ច្បាប់ ដោយ​គណៈកម្មាធិការ​ដឹក​នាំ​ការកែទម្រង់​ច្បាប់ សំដៅ​កែទម្រង់​ច្បាប់​កម្ពុជា​ឱ្យ ទៅជា​ប្រព័ន្ធ​ច្បាប់​មួយ​ដែល​មាន​ឯកភាព ប្រសិទ្ធភាព សមានគតិ​ភាព ឧត្តមា​នុ​ភាព​គតិយុត្ត និង​សន្តិសុខ គតិយុត្ត ស្រប​តាមឧ​ត្ត​មានុ​វត្តន៍​អន្តរជាតិ​និង​បរិការណ៍​កម្ពុជា​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ផ្តល់​កិច្ច​សហការ និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ជិតស្និទ្ធ និង​មាន​ប្រសិទ្ធភាព​ជាមួយ​គណៈកម្មាធិកា​រ​ដឹកនាំ​ការកែទម្រង់​ច្បាប់ នៅក្នុង​ការអនុវត្ត​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​កែទម្រង់ ច្បាប់​របស់​រាជរដ្ឋាភិបាល​នេះ ជាពិសេស​នៅក្នុង​ការបង្កើត​និង​ដាក់ឱ្យ​ដំណើរការ​គណៈកម្មការ​ជំនាញ ទទួលបន្ទុក​តាម​វិស័យ គណៈកម្មការ​ជាតិ​ការពារ​នីត្យានុកូលភាព គណៈកម្មការ​ជាតិ​ភាសា​ច្បាប់ និង​ក្រុមការងារ​កែ​ទម្រង់​ច្បាប់​នៅក្នុង​ក្រសួង ស្ថាប័ន​។​

​ផ្អែក​លើ​ការគាំទ្រ និង​ការចូលរួម​អនុវត្ត​ដោយ​សកម្ម និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ សម្តេច​មហា​បវរ​ធិបតី សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹង បោះជំហាន​ទៅមុខ​ប្រកបដោយ​ភាពស្វាហាប់ ដើម្បី​សម្រេចបាន​នូវ​ការកសាង​និម្មាបនកម្ម​នៃ​ប្រព័ន្ធ​ច្បាប់ និង​វប្បធម៌​នីតិរដ្ឋ ដោយ​ផ្អែក​លើ​គុណ​តម្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​និង​គុណ​តម្លៃ​សាកល ដើម្បី​ធានា​ស្ថិរភាព​និង ចីរភាព​នៃ​ការកសាង​រដ្ឋ​មួយ​ដែល​រឹងមាំ ឯករាជ្យ អធិបតេយ្យ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស គោរព​សិទ្ធិ សេរីភាព​និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស សមធម៌ និង​យុត្តិធម៌​ក្នុងសង្គម វប្បធម៌​ថ្កុំថ្កើង​រុងរឿង និង​ប្រព័ន្ធ សេដ្ឋកិច្ច​ទីផ្សារ​ជឿនលឿន សុខុមាលភាព​ប្រជាពលរដ្ឋ នា​យុគសម័យ​បច្ចេកវិទ្យា​ទំនើប​៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.