ប៉ៃលិន៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ នេះស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរងក្រុង ស្រុក លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ និងលោកមេប៉ុស្តិ៍ទាំង៨ ឃុំ សង្កាត់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។
ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ត្រី ឡាំ សំរិទ្ធ ស្នងការរង បានឡើងអានរបាយការណ៍អំពីលទ្ធផលការងារប្រចាំខែមិថុនា និងដាក់ទិសដៅសម្រាប់អនុវត្តបន្ត ក្នុងឱកាសនោះដែរ លោកស្នងការ បានពាំនាំពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលឯកឧត្តម នាយឧត្តមសេនីយ៍ តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនកងកម្លាំងនគរបាលជាតិ ជាពិសេសកម្លាំងដែលកំពុងឈរជើងការពារបូរណភាពដីនៅតាមខ្សែបន្ទាត់ព្រំដែន ។
បន្ថែមពីនេះ លោកស្នងការ បានមានប្រសាសន៍ណែនាំបន្ថែមឱ្យកងកម្លាំងទាំងអស់ត្រូវ មានសាមគ្គីភាព គោរពវិន័យឱ្យបានល្អប្រសើរ និងត្រូវបន្តយកចិត្តទុកដាក់ចំពោះកិច្ចការបង្ការ និងបង្រ្កាបនូវរាល់បទល្មើស ជាពិសេសក្មេងទំនើងដែលតែងតែបង្កនូវភាព អនាធិបតេយ្យនិងអសន្តិសុខសង្គម នៅក្នុងភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ ។
ជាចុងក្រោយ លោកស្នងការ បានផ្សព្វផ្សាយអំពីសភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ចំពោះកងកម្លាំងទាំងអស់ត្រូវ ត្រៀមខ្លួនរួចជាស្រេច ក្នុងការត្រៀមទទួលបទបញ្ជាពីថ្នាក់ដឹកនាំ ២៤លេី២៤ម៉ោង ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន




