អ្នកនាំពាក្យក្រសួងការបរទេស : លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បំពាក់គ្រឿងឥស្សរិយយសជូនឯកអគ្គរាជទូតថៃចប់អាណត្តិ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្ម របស់លោកឯកអគ្គរាជទូត ក្នុងការពង្រីក និងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងព្រះរាជាណាចក្រទាំងពីរនៅលើវិស័យជាច្រើន រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងវប្បធម៌ ដោយគូសបញ្ជាក់ថា ការបំពាក់គ្រឿងឥស្សរិយយសនៅពេលនេះជាការសបញ្ជាក់ ពីការវាយតម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរាជទូត។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឯកអគ្គរាជទូត ប៉ាន់យ៉ារ៉ាក់ ភូលថុប បានកត់ សម្គាល់ដោយក្តីរីករាយចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែល ជាកត្តាចម្បងធានាឱ្យមានការរីកចម្រើនជាលំដាប់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីការកើនឡើងនូវការផ្លាស់ប្ដូរពាណិជ្ជកម្ម ទ្វេភាគីនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ហើយបានលើកទឹកចិត្តប្រទេសទាំងពីរឲ្យស្វែងរកឱកាស ដើម្បីពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះការវិលត្រឡប់ទៅរកស្ថានភាពជា
ធម្មតាដូចកាលពីមុនជំងឺកូវីដ-១៩របស់ប្រទេសទាំងពីរ និងការបន្តជើងហោះហើរឡើងវិញដែល នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គោលបំណងនេះ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បាន លើកទឹកចិត្តប្រទេសទាំងពីរឲ្យពន្លឿនការបញ្ចប់ឯកសារមួយចំនួនដែលមិនទាន់សម្រេចបាននៅ ឡើយ។ លោកឧបនាយករដ្ឋមន្រ្តី និងលោកឯកអគ្គរាជទូត ក៏បានពិភាក្សាផងដែរអំពីការ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ អប់រំ វប្បធម៌ និងការប្រយុទ្ធប្រឆាំងនឹងការ ជួញដូរមនុស្ស ហើយបានកត់សម្គាល់ដោយក្តីសោមនស្សចំពោះការរៀបចំរបស់ប្រទេសទាំងពីរ សម្រាប់ការបន្តកិច្ចចរចាលើតំបន់ទាមទារដែលត្រួតស៊ីគ្នា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ សម្រាប់ ជំនួយអភិវឌ្ឍន៍ដែលបានផ្ដល់ដល់កម្ពុជា រួមមាន អាហារូបករណ៍ វគ្គបណ្តុះបណ្តាលនានា ក៏ដូចជា ជំនួយនិងការយកចិត្តទុកដាក់ដល់ពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃផងដែរ។ លោកឧបនាយក រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសថៃដល់តួនាទីជាប្រធានអាស៊ានរបស់កម្ពុជា, កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធ ប្រកបដោយជោគជ័យ នៅដើមខែសីហា ឆ្នាំ២០២២នេះ៕






