
អភិបាលខេត្តរតនគិរី អញ្ជើញសួរសុខទុក្ខបុគ្គលិកអគ្គិសនីដែលរងគ្រោះដោយឆក់ចរន្តអគ្គិសនី ខណៈកំពុងបំពេញការងារ
ខេត្តរតនគិរី ៖ ក្រោយពីបញ្ចប់កម្មពិធី យុទ្ធនាការអន្ទាក់សូន្យ ដែលរៀបចំដោយក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ រួចមក ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញសួរសុខទុក្ខ បុគ្គលិកអគ្គិសនីចំនួន០៣នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដែលរងគ្រោះដោយសារឆក់ចរន្តអគ្គីសនីខណៈកំពុងបំពេញការងារ ដែលបច្ចុប្បន្នអ្នកទាំង៣នាក់ខាងលើនេះបានធូរស្រាយវិញហើយ ។
នៅក្នុងឱកាសនោះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីក៏បានផ្តល់នូវថវិកាមួយចំនួនដល់បុគ្គលិកដែលរងគ្រោះទាំង៣នាក់ខាងលើនេះផងដែរ។
សូមរំលឹកថា កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ មានបុគ្គលិកផ្នែកតបណ្តាញអគ្គិសនីសាខាខេត្តរតនគិរីចំនួន០៣នាក់ត្រូវបានចរន្តអគ្គីសនីឆក់បណ្តាលឲ្យរងរបួលធ្ងន់ធ្ងរ ខណៈកំពុងបំពេញការងារតបណ្តាញនៅលើបង្គោលភ្លើង ត្រង់ចំណុចចុងព្រលានយន្តហោះ ផ្លូវបំបែកជាបួនទល់មុខស្ថានីយឥន្ទៈប្រេងយើង ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅក្នុងហេតុការណ៍នេះក៏មានការជួយអន្តរាគមន៍ ពីរថយន្តស្ទួចបានស្ទួចយក ជនរងគ្រោះ ទាំង០៣នាក់ខាងលើនេះដាក់ចុះមកក្រោម រួចដឹកតាមរថយន្តសាម៊ុយបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ភ្លាមៗផងដែរ។ ជនរងគ្រោះ ទី១ឈ្មោះពុធ ភេទប្រុស អាយុ១៩ឆ្នាំ.ទី២ឈ្មោះ ភាព សុផល ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងពីររស់នៅខេត្តក្រចេះ និងទី៣ឈ្មោះ សាត់ មេឃ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅខេត្តព្រៃវែង ទាំង៣នាក់ខាងលើនេះគឺជាបុគ្គលិកផ្នែកតបណ្តាញនៃសាខាអគ្គីសនីខេត្តរតនគិរី ហើយរហូតមកដល់ព្រឹកថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ២០២២នេះ ជនរងគ្រោះទាំង៣នាក់ខាងលើនេះមានអាការៈធូរស្បើយ វិញហើយ៕ ដោយ ៖ ផល្លិត ហៅបូរ៉ា






