តាមសេចក្តីរាយការណ៍បានឱ្យដឹងថា សិប្បកម្មខ្នាតធំកែច្នៃឈើប្រណីត ១កន្លែងសម្ងំជ្រកកោនក្នុងបន្ទាយ ប៉េអឹម ស្រុកជ័យសែន ក្រោមលេសកែច្នៃគ្រឿងឈើកសាងបន្ទាយធាតុពិតមានភាគហ៊ុនរកស៊ីយ៉ាងសកម្មជាមួយ គ្នារវាងលោក សុង រ៉ុង ប៉េអឹមនិងឈ្មួញឈើដ៏ល្បីម្នាក់ឈ្មោះ ប៉េង អាន មុខរបរទាហានមកពីខេត្តត្បូងឃ្មុំ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ប្រភពព័ត៌មានពីភ្នាក់ងារបានឱ្យដឹងថា ប្រភពឈើប្រណីតល្អៗប្រភេទបេង ធ្នង់ នាងនួន នៅតំបន់ព្រៃឡង់ ជាប់ស្រុកជ័យសែន ត្រូវបានជនខិលខូចនាំគ្នាកាប់បំផ្លាញដើម្បីទុកលក់ឱ្យឈ្មួញឈើដែលជាម្ចាស់ទីតាំងសិប្បកម្ម ជ្រកកោនក្នុងបន្ទាយប៉េអឹម ស្រុកជ័យសែន អស់រយៈពេលជាង ១ឆ្នាំមកហើយ ស្ថិតក្នុងទីរួមស្រុកផ្ទាល់តែម្តង ។
សូម្បីលោក ឈឹម ស៊ីសុវត្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែនដែលមានរឿងអាស្រូវច្រើនក៏មិនហ៊ាន ចុះ បង្ក្រាបបិទទីតាំងសិប្បកម្មមួយនេះដែរ ដោយខ្លាចអំណាចឥទ្ធិពលលោក សុង រ៉ុង ។
ប្រភពព័ត៌មានដដែលបានបង្ហើបឱ្យដឹងថា គ្រឿងសង្ហារឹមសំរិតសាំងំដូចជា គ្រែម្ចាស់ក្សត្រី និងសាឡុងមាន តំលៃចាប់ពី ៦០០០ដុល្លារអាមេរិកឡើងទៅត្រូវបានថៅកែសិប្បកម្មខិលខូចឈ្មោះ ប៉េង អាន និងបក្ខពួកដឹកជញ្ជូន យកទៅលក់នៅរាជធានីភ្នំពេញយ៉ាងរលូនកាត់តាមផ្នែករដ្ឋបាលព្រៃឈើរវៀង ដែលមានលោក ហេង សំរិទ្ធិ ជានាយផ្នែករដ្ឋបាលព្រៃឈើ ។ លោក សុង រ៉ុង និងប៉េង អាន សប្បាយរកស៊ីមុខរបរខុសច្បាប់ពាក់ព័ន្ធស៊ីជម្រៅជា មួយបទល្មើសព្រៃឈើទាំងប្រមូលទិញលក់ឈើប្រណីត និងបើកសិប្បកម្មខ្នាតធំបានឡើងកូដខ្លាំងក្លាយទៅជាអ្នក មានទៅហើយ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់ដែលស្និទ្ធស្នាលជាមួយអ្នកសារព័ត៌មានបានបង្ហើបឱ្យដឹងទៀតថា ទីតាំង សិប្បកម្មខ្នាតធំកែច្នៃឈើប្រណីតក្នុងបន្ទាយប៉េអឹម ពិតជាគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើប្រាកដមែន ។ ការបើកដំណើរការរលូនទៅបានដោយគ្មានឧបសគ្គដោយសារមានមេកើយជាប៉េអឹមខេត្តព្រះវិហារ ជាអ្នកកាងនៅ ពីក្រោយខ្នង និងចេញមុខសម្របសម្រួលជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរដែនដីឱ្យមានការអនុគ្រោះ ។
ការបំផ្លាញព្រៃឈើក្នុងខេត្តព្រះវិហារទាំងមូល មានទំហំធំធេងណាស់ដែលធ្វើឱ្យបាត់បង់ចំណូលថវិការដ្ឋក្នុង ១ឆ្នាំៗ រាប់រយលានរៀលដោយសារភាពឡប់ឡែមិនប្រាកដប្រជាដោយសារគ្រប់ស្ថាប័នមានសមត្ថកិច្ចមិននាំគ្នា គោរពអនុវត្តច្បាប់ស្តីពីព្រៃឈើឱ្យមានប្រសិទ្ធភាពនោះទេ គិតតែពីវប្បធម៌យកមនោសញ្ចោតនាបូកផ្សំជាមួយ អំណាចឥទ្ធិពលបុគ្គលមកលាយឡំជាមួយនឹងច្បាប់រដ្ឋ ។
លោក ជុំ ពុយ អភិបាលស្រុកជ័យសែន ទើបឡើងកាន់តំណែងថ្មីបានឱ្យអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី ១៦ មករា ឆ្នាំ ២០១៥ ពីតជាមានទីតាំងសិប្បកម្មកែច្នៃឈើក្នុងបន្ទាយប៉េអឹម ស្រុកជ័យសែន ប្រាកដមែនហើយឮ សម្លេងម៉ាស៊ីនកែច្នៃឈើទ្រហឹងរាល់ថ្ងៃ ។ គាត់មិនដឹងថា សិប្បកម្មកែច្នៃឈើខ្នាតធំៗនេះ មានច្បាប់ឬមួយគ្មាន ច្បាប់នោះទេ ។ អ្នកសារព័ត៌មានមិនអាចជួបទំនាក់ទំនងលោក សុង រ៉ុង មេបញ្ជាការប៉េអឹមស្រុកជ័យសែន បាននោះទេ ៕



