ខេត្តប៉ៃលិន ៖ កូនតុងទីនដែលជាលេងតុងទីនជាច្រើននាក់ មកពីផ្សារសាមគ្គីហៅប៉ាហ៊ី និងតាមភូមិនានាក្នុងក្រុងប៉ៃលិន បាននាំគ្នាទៅតវ៉ានៅផ្ទះមេតុងទីនម្នាក់ ដែលបានវេចប្រាក់ជាង១០ម៉ឺនដុល្លារ រត់គេចខ្លួនបាត់ស្រមោល ។ តែម្តាយរបស់មេតុងទីនធានាសុខចិត្តរកលុយបង់សងជំនួស ខណៈអ្នកលេងតុងទីនមួយចំនួនអស់ប្រាក់ជាង១០លានរៀល អ្នកខ្លះទៀតជាង១ម៉ឺនដុល្លារ ហើយគ្មានសង្ឃឹមថានឹងបានទទួលប្រាក់សងត្រឡប់មកវិញនោះឡើយ ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅទល់មុខសាលាបឋមសិក្សា ស ខេង អូតាវ៉ៅ ក្នុងភូមិក្បា លព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា មេតុងទីន ដែលបោក ប្រមូលប្រាក់ជាង១០ម៉ឺនដុល្លារ រត់គេចខ្លួន ឈ្មោះ ឆេង លី ហៅលីដា ភេទស្រី អាយុ៣៣ឆ្នាំ ជាគ្រូបង្រៀនសិស្សនៅសា លាបឋមសិក្សា ស ខេង អូរតាវ៉ៅ បង្រៀនឯកជននៅសាលាប៉ៃលិនវឌ្ឍនៈ ក្រុងប៉ៃលិន រស់នៅភូមិសង្កាត់ខាងលើ ។
ប្រភពបន្តទៀតថា ការលេងល្បែងដេញតុងទីននេះ ធ្វើឡើងអស់រយៈពេលជិត១ឆ្នាំមកហើយ ដោយស្ត្រីខាងលើជាអ្នកធ្វើមេ រួចក៏មានអ្នកភូមិ និងអ្នកផ្សារសាមគ្គីហៅប៉ាហ៊ី សរុបជាង៥០នាក់ ចូលរួមលេង ដោយម្នាក់ៗ អស់លុយខ្លះ២លានរៀល ខ្លះ៤លានរៀល ខ្លះទៀត១០លានរៀល ហើយរហូតដល់អ្នកខ្លះជាង១ម៉ឺនដុល្លារផងដែរ ។ រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែតុលា កូនតុងទីនមួយចំនួន បានទូរស័ព្ទទៅមេតុងទីន ខាងលើ ដើម្បីយកលុយទៅបង់នៅផ្ទះរបស់គេ ប៉ុន្តែទូរស័ព្ទអត់ចូល រហូតដល់ព្រឹកថ្ងៃទី២០ ខែតុលា ដោយឆ្ងល់សង្ស័យ ក៏នាំគ្នាជិះម៉ូតូទៅមើលនៅក្នុងផ្ទះ ស្រាប់តែម្តាយប្រាប់ថា គេបានវេចលុយរត់គេចខ្លួនបាត់ស្រមោលទៅហើយ ទើបម្នាក់ៗធ្លាក់ថ្លើមក្ឌុកនិយាយលែង ចេញ ។
បើតាមសម្តីស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះជាអ្នកលក់ដូរនៅក្នុងផ្សារសាមគ្គីបានឱ្យដឹងថាគាត់បានចាប់ផ្តើមលេងតុងទីនជាមួយមេខាងលើតាំងពីដើមឆ្នាំ២០១៦ ហើយដាក់១ក្បាលចំនួន២ម៉ឺនរៀលដោយគាត់ដាក់១ខ្សែចំនួន២០ក្បាលហើយបង់ម្តងអស់ចំនួន២លានរៀលរហូតមកដល់ពេលនេះមិនទាន់បានដេញយកម្តងនោះឡើយ ដោយគិតទៅទាំ ងអស់ជាង១ម៉ឺនដុល្លារ ត្រូវមេតុងទីនវេចលុយរត់គេចខ្លួនតែម្តង ។
ស្ត្រីរងគ្រោះបានបន្តទៀតថា អ្នករស់នៅក្បែរតូបរបស់គាត់ ក៏អស់ប្រាក់ជាង១ម៉ឺនដុល្លារដែរ ដោយមានអ្នកខ្លះអស់ត្រឹម១លានរៀល ខ្លះ២លាន ខ្លះ៤លាន និងខ្លះទៀតរហូតដល់ជាង១០លានរៀល ហើ យក៏នាំគ្នាទៅតវ៉ាដល់ក្នុងផ្ទះមេតុងទីននោះ ។ តែទោះបីជាយ៉ាងណា នៅរសៀលថ្ងៃទី២០ ខែតុលា ខណៈពួកគាត់ចូលទៅតវ៉ានៅក្នុងផ្ទះ ម្តាយរបស់មេតុងទីន សន្យារកប្រាក់សងជំនួស ប៉ុន្តែដោយសារលុយច្រើនពេកមើលទៅគ្មានសង្ឃឹមថា គាត់នឹងសងដល់កូនទាំងទីនទាំងអស់គ្នានោះឡើយ ។
ស្ត្រីម្នាក់ត្រូវជាម្តាយមេតុងទីនខាងលើបានឱ្យដឹងថា គាត់ត្រូវបានកូនរបស់ខ្លួនឱ្យ យកប្លង់ផ្ទះទៅបញ្ចាំនៅធនាគារអេស៊ីលីដាចំនួន៣ម៉ឺនដុល្លារ ដោយប្រាប់ថា រូបគេខ្ចីយកសងកូនតុងទីន ១គ្រាសិន ចាំសងវិញ លុះបានលុយអស់ហើយ ស្រាប់តែនាំគ្នាប្តីប្រពន្ធ និងកូនវេចសម្លៀកបំពាក់រត់គេចខ្លួន ដោយទុកឱ្យគាត់ជាអ្នកទទួលរ៉ាប់រងបង់សងជំនួសវិញ ។
គាត់បន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយ បន្ទុកទាំងនេះធ្លាក់មកលើគាត់ ដូច្នេះគាត់សន្យានឹងរកប្រាក់សងជំពាក់កូនតុងទីនទាំងអស់ឱ្យខានតែបាន ។ តែសុំកុំឱ្យពួកគេកើតចលាចល ឬប្តឹងសមត្ថកិច្ច បើពុំដូច្នោះទេ ប្រាក់ទាំងអម្បាលម៉ានទុកជាអសារបង់ ដោ យគាត់មិនទទួលខុសត្រូវនោះឡើយ ។
សូមបញ្ជាក់ថា ការលេងតុងទីនេះ ត្រូវមេបោកយកលុយរត់អស់ជារឿយៗ តែអ្នក លេងនៅមិនរាងចាលឡើយ ហើយពេលនេះ ជាការលេងធំ ត្រូវមេតុងទីនវេចអស់ជាច្រើន រត់គេចខ្លួនផងដែរ ៕
ស សារឿន នាគខៀវជាយដែន




