ខេត្តប៉ៃលិន ៖ ដើម្បីឱ្យមានសាមគ្គីភាព និងសុខដុមនីយកម្ម នៃសង្គមជាតិរបស់យើ ង សាសនិកអ៊ីស្លាមទាំងអស់ ត្រូវតែដើរតាម និងគោរពប្រតិបតិ្តធម៌ នៃព្រះគម្ពីរ គូអាន របស់ព្រះអុលឡោះជាម្ចាស់ ដោយផ្សារភ្ជាប់នូវការគោរពសិទ្ធិសេរីភាព អ្នកកាន់សាសនាដទៃទៀត និងប្រកាន់ភ្ជាប់នូវមាគ៌ាអហិង្សា មេតា្តករុណា ការសណ្តោសប្រោសប្រណី នោះទើប សាសនារបស់ខ្លួន កាន់តែរីកចម្រើនប្រសើរឡើងថែមទៀត ។ នេះជាការលើកឡើងរបស់លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តប៉ៃលិន នៅក្នុងពិធីប្រ កាសតែងតាំងសមាសភាពសាសនា (អ៊ីម៉ាំ) កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេណព្រះវិហារអ៊ិស្លាម ក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក្រោមអធិបតីភាពលោកជំទាវ ជា លាភ អភិបាលរងខេត្ត ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំសាសនាអ៊ិស្លាមជាច្រើននាក់ ។
លោក សំ សាវឿន បានបន្តទៀតថា ជាការពិតណាស់ ការរីកចម្រើនរបស់សាសនាអ៊ិស្លាម និងអាណាចក្រ ត្រូវតែដើរទន្ទឹមគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជាការចាំបាច់ណាស់ ជាក់ស្តែងសាសនាអ៊ីស្លាម បានចូលរួមចំណែកជាច្រើន ក្នុងការលើកកម្ពស់ ការអប់រំនូវចរិយាធម៌ សីលធម៌សង្គម និងបានកសាងសមិទ្ធផលផ្សេងៗ ជាច្រើនថែមទៀត ។
លោក អះម៉ាត់ កាស៊ីម ជាភូឈួយទី១(អនុ.ទី១) នៃសាសនាអ៊ិស្លាមខេត្ត បានអានរបាយការណ៍ថា នៅទូទាំងខេត្តប៉ៃលិន មានម៉ាស្ជិត (វិហារធំ) និងស៊ូរ៉ា វ(សាលាឆទាន) សរុបទាំងអស់ចំនួន០៤ខ្នង ក្នុងនោះមានវិហារចំនួន០២ខ្នង ដោយវិហារធំមួយស្ថិតនៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងស៊ូរ៉ាវតូចៗ ចំនួន២ខ្នង ទី១. ស្ថិតនៅភូមិកូនខ្លុង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ទី២. ស្ថិតនៅភូមិអូរគន្ធាងវ៉ា ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។ លោកបន្តថា គ្រួសារសរុបចំនួន៣៥២គ្រួសារ មានមនុស្សចំនួន១៣៥២នាក់ ប្រុស៦១៦នាក់ ស្រី៧៣៦នាក់ ចាស់ជរា៧នាក់ ស្ត្រីម៉េម៉ាយ១០នាក់ សាលារៀន០១ខ្នង ស្មើ០៣បន្ទប់ មានគ្រូបង្រៀន០៥នាក់ ។
ចំណែក លោក ជំទាវ ជា លាភ អភិបាលរងខេត្ត បានមានប្រសាសន៍ឱ្យដឹងថា ក្នុងការប្រកាសតែងតាំងសមាសភាពគណៈអ៊ីម៉ាំខេត្តប៉ៃលិន ដើម្បីលើកស្ទួយសាសនាអ៊ិស្លាមឱ្យមានការរីកចម្រើនក្នុងវិស័យសាសនាបានល្អប្រសើរនោះ យើងត្រូវសាមគ្គី ភាតរភាពជាមួយនឹងថ្នាក់ដឹកនាំខ្លួន ព្រមទាំងបរិស័ទឱ្យបានល្អ។
ម្យ៉ាងវិញទៀត ត្រូវគោរពប្រតិបត្តិឱ្យបានត្រឹមត្រូវទៅតាមសេចក្តីប្រកាស និងសេចក្តីសម្រេច សេចក្តីណែនាំរបស់ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់របស់សាសនាអ៊ិស្លាមកម្ពុជា ដែលត្រូវផ្សារភ្ជាប់ទៅនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងអនុលោមទៅតាមអនុក្រឹតលេខ នស,រកត០៤០០\០៦១ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការតែងតាំងចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់នៃសា សនាអ៊ិស្លាមកម្ពុជា ដែលបានចែងក្នុងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រ កម្ពុជាក្នុងមាត្រាទី៤៣ ថា ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាស នា ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ។
លោកជំទាវបានសំណូមពរដល់ប្រជាពលរដ្ឋដែលគោរពប្រតិបតិ្តសាសនាអ៊ិស្លាម មេត្តាជួយអប់រំដល់យុវជន និង កុមារ ជំនាន់ក្រោយ ឱ្យចេះគោរពប្រតិបត្តិនូវព្រះធម៌ក្នុងគម្ពីរគូអាន របស់ព្រះជាម្ចាស់ឱ្យបានល្អត្រឹមត្រូវ និងជួយផ្សព្វផ្សាយភូមិ ឃុំមានសុវត្ថិភាពឱ្យបានល្អ ដើម្បីជៀសវាងការប្រព្រឹត្តនូវអំពើគ្រឿងញៀនផ្សេងៗ គ្រប់ប្រភេទ ដែលជាសត្រូវដល់កុសលធម៌ របស់ព្រះអុលឡោះជាម្ចាស់ ។
សូមបញ្ជាក់ថា ការប្រកាសតែងតាំងសមាសភាពអ៊ីម៉ាំ ខេត្តប៉ៃលិន មានដូចខាង ក្រោម ៖
ទី១. លោក ស្មាន ស្មាឯល ជាអ៊ីម៉ាំ ខេត្ត (ប្រធាន)
ទី២. លោក អះម៉ាត់ កាស៊ីម ជាភូឈួយទី១ (អនុ.ទី១)
ទី៣. លោក ស្មៃម៉ាន តាយ៉េត ជាភូឈួយទី២ (អនុ.ទី២)
ទី៤. លោក នាក់ ម៉ាត់មីន ជាសមាជិក
ទី៥. លោក ឡោះ អាប់ឌុលអាស៊ីម ជាសមាជិក ៕ ដោយ ៖ នីយ៉ា





