ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ក្រ្មប្រឹក្សាធម្មនុញ្ញ ផ្សព្វផ្សាយពីសមិទ្ធផលធម្មនុញ្ញសម្រេច បានក្នុងរយៈពេល ៣០ឆ្នាំ នៅខេត្តចំនួន៦ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែសីហា

ក្រ្មប្រឹក្សាធម្មនុញ្ញ ផ្សព្វផ្សាយពីសមិទ្ធផលធម្មនុញ្ញសម្រេច បានក្នុងរយៈពេល ៣០ឆ្នាំ នៅខេត្តចំនួន៦ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែសីហា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រ្មប្រឹក្សាធម្មនុញ្ញ ផ្សព្វផ្សាយពីសមិទ្ធផលធម្មនុញ្ញសម្រេច បានក្នុងរយៈពេល ៣០ឆ្នាំ នៅខេត្តចំនួន៦ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែសីហា

(ភ្នំពេញ)៖ លោកកិត្តិនីតិកោលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ» នៅតាមបណ្តាខេត្តចំនួន៦ រួមមាន បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, កំពង់ធំ, សៀមរាប, និង ឧត្តរមានជ័យ។

សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អ្នកនាងកញ្ញា ជាក្រុមប្រឹក្សា និងគណៈអភិបាល ខេត្ត ក្រុង ស្រុក ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត នាយកសាលាគរុកោ សល្យ និង វិក្រឹត្យការខេត្ត​ និងសមាសភាពពាក់ព័ន្ធ ជាច្រើនរូបទៀត។

ខ្លឹមសារសំខាន់ៗ នៃបទបង្ហាញជុំវិញប្រធានបទនៃការផ្សព្វផ្សាយ រួមមាន៖

១៖ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពីឆន្ទៈរួម របស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ។ សភាធម្មនុញ្ញ បានតាក់តែងរក្សាឱ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនា ព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ (គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ) ដោយតាក់តែងបញ្ចូលទាំងស្រុង និងដោយលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពី «គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា»។ ក្នុងដំណើរការអនុវត្តជាក់ស្តែង ការបន្សាំបន្ស៊ីគ្នានៃគុណតម្លៃទាំងពីរ បានបង្កនូវកម្លាំងសម្របសម្រួលនិងជំរុញរួមគ្នា ក្នុងការដោះស្រាយបញ្ហានយោបាយនិងបញ្ហាច្បាប់ ដែលបានកើតមានឡើងជាបន្តបន្ទាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម ញុំាងឱ្យរដ្ឋធម្មនុញ្ញនេះនិងរបបនយោបាយមានស្ថិរភាពរយៈពេលវែង៣០ឆ្នាំ (ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣)។

ទាក់ទងនឹងការបន្សាំបន្ស៊ីគ្នារវាងគុណតម្លៃទាំងពីរ លោកកិត្តិនីតិកោលបណ្ឌិត អ៉ឹម ឈុនលឹម បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលវិជ្ជមាន (ភាពសុខដុមរមនាក្នុងសង្គម)។ លោកប្រធាន បានលើកឡើងអំពីពិសោធន៍នៃការធ្វើទំនើបកម្ម របស់បណ្តាប្រទេសមិនទាន់រីកចម្រើន ពិសេសប្រទេសនៅអាស៊ី ដែលទទួលយក និងអនុវត្តតាមគំរូនយោបាយអភិវឌ្ឍរបស់បស្ចិមប្រទេស ជាការសង្កេតទូទៅ ប្រទេសទាំងនោះ តែងមានការបម្រុងទុកមួយ គឺ «ទទួលយកនយោបាយទំនើប តែមិនឱ្យបាត់ប្រពៃណីទំនៀមទម្លាប់បុរាណ» ដែលជាព្រលឹងជាតិរបស់គេ។ ប្រទេសទាំងនោះមានជំហរដូចនេះ អាស្រ័យដោយប្រទេសគេ មានអារ្យធម៌បុរាណ ដែលជា មោទនភាពជាតិ។ ដូច្នេះផ្អែកលើបទពិសោធន៍នេះ សម្រាប់ករណីនៃប្រទេសកម្ពុជា ការពង្រឹងអត្តសញ្ញាណជាតិ មានកត្តាធំៗចំនួន០៣៖ កត្តាមោទនភាពជាតិ, កត្តាសុខដុមនីយកម្មសង្គម, និងកត្តាឥទ្ធិពលនៃជំនឿផ្សេងៗ។

ក្នុងនោះផងដែរ លោកប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានជូនជាអនុសាសន៍លើការបន្សាំបន្ស៊ី គុណតម្លៃទាំងពីរ តាមបីរបៀប ៖

* តាមរបៀបសម្របសម្រួល និងរបៀបជ្រើសរើសធាតុផ្សំនៃគុណតម្លៃទាំងពីរ ដើម្បីបន្សាំបន្ស៊ីជាមួយគ្នា ។
* ការអនុវត្តការបន្សាំបន្ស៊ីគុណតម្លៃទាំងពីរ ទទួលបានលទ្ធផលជោគជ័យ និងប្រកប ដោយចីរភាព ចំណុះនឹងការបកស្រាយខ្លឹមសារនៃគុណតម្លៃនិងការអនុវត្ត ដែលត្រូវធ្វើក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះឧត្តមប្រយោជន៍ជាតិ។
* ការអនុវត្តការបន្សាំបន្ស៊ីនេះ ក្នុងករណីខ្លះមានការចាំបាច់ត្រូវធ្វើការកែទម្រង់និងក៏អាច ប្រឈមនឹងការប្រឆាំងជំទាស់ ដែលត្រូវដោះស្រាយដោយអត់ធ្មត់បំផុត ។
ចំពោះសារៈសំខាន់នៃគុណតម្លៃបុរាណ ក្នុងអភិក្រមបន្សាំបន្ស៊ីគុណតម្លៃទាំងពីរ លោកប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានលើកឡើង រួមមាន ៖
* តួនាទីពង្រឹងអត្តសញ្ញាណជាតិ ព្រលឹងជាតិ ឯកភាពជាតិ ភាពធនខាងស្មារតីរបស់ជាតិ ចំពោះមុខបញ្ហាវិបត្តិធំៗ និងការវិវឌ្ឍឆាប់រហ័សរបស់ពិភពលោកបច្ចុប្បន្ន។
* តួនាទីរួមចំណែកពង្រឹងចំណងទាក់ទងរវាងវប្បធម៌នៅនឹងកន្លែង (culture locale) ជាមួយលទ្ធិប្រជាធិបតេយ្យសេរី ដែលនាំទៅដល់ការបញ្ជ្រាបគុណតម្លៃធម្មនុញ្ញទំនើបទៅក្នុងស្មារតីនៃសង្គមខ្មែរ។

២​៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ។ ក្នុងដំណើរការអនុវត្តរដ្ឋធម្មនុញ្ញនេះ ពិសេសក្រោយប្រទេសជាតិសម្រេចបានសុខសន្តិភាព ឯកភាពជាតិពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញនិងដឹកនាំអនុវត្តផ្ទាល់ដោយ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា នៅចុងឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជាមានលក្ខខណ្ឌអំណោយផលគ្រប់គ្រាន់ ដើម្បីបន្តប្រតិបត្តិរដ្ឋធម្មនុញ្ញនេះ ជាអាទិ៍ការអនុវត្ត លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, សិទ្ធិមនុស្ស , នីតិរដ្ឋ, និង សេដ្ឋកិច្ចទីផ្សារ។

សមិទ្ធផលធម្មនុញ្ញ ដែលសម្រេចបានក្នុងរយៈពេល៣០ កន្លងមកនេះ រួមមាន ៖

ក៖ កម្ពុជារក្សាការពារនិងគោរពលើកតម្កើងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៖ កម្ពុជាប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញក្នុងឆ្នាំ១៩៩៣ និងជាលើកទី២ក្នុងប្រវត្តិសាស្រ្តទំនើបរបស់ខ្លួន។ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញកម្ពុជាបានវិវឌ្ឍពីដំណាក់កាលបង្កើតឡើងវិញមកកាន់ដំណាក់កាលស្ថិរភាព កិត្យានុភាព និងនិរន្តរភាពក្នុងទម្រង់ជារាជានិយមជឿនលឿន ស្របនឹងបរិបទនៃសង្គមខ្មែរ។ អង្គព្រះមហាក្សត្រនិងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញបានទទួលការគោរពលើកតម្កើងពីគ្រប់ស្ថាប័នជាតិ និងប្រជារាស្រ្តខ្មែរ។

ខ៖ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់នយោបាយទំនើបនៃកម្ពុជា៖ របបប្រជាធិបតេយ្យ សេរីពហុបក្សកម្ពុជាសម្រេចបានជំហានវឌ្ឍនភាពថ្មីៗតាមរយៈការអនុវត្តនិយាមគោលការណ៍ធម្មនុញ្ញសំខាន់ៗមួយចំនួន៖

* និយាមគោលការណ៍ទី១៖ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ប្រើតាម រយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី។ អំណាចទាំងបីមានសមត្ថកិច្ចដាច់ពីគ្នា អំណាចនីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិមានគោលការណ៍រក្សាតុល្យភាពទៅវិញទៅមក គឺរដ្ឋសភាផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋាភិបាល រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែករណីរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដងក្នុង ១២ខែ។

* និយាមគោលការណ៍ទី២៖ កម្ពុជាប្រតិបត្តិរបបបោះឆ្នោតពហុបក្ស ដោយរក្សាបាននូវភាពចម្រុះជាពហុបក្ស ជាលំហសេរីភាពនយោបាយ និងធានារក្សាបាននូវការចូលរួមការបោះឆ្នោត។

* និយាមគោលការណ៍ទី៣៖ នយោបាយប្រជាធិបតេយ្យសេរីពហុបក្សបាននិងកំពុងចាក់ឫសក្នុងវប្បធម៌នយោបាយកម្ពុជា និងកំពុងវិវត្តឈានឡើងជាជំហានៗ ដូចតទៅ៖

(១) ជំហានវឌ្ឍនភាពទី១៖ អំណាចថ្នាក់ជាតិត្រូវបានបែងចែកទៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ផ្អែកតាមគោលការណ៍ជាមូលដ្ឋាននៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

(២) ជំហានវឌ្ឍនភាពទី២៖ របបប្រជាធិបតេយ្យសភា ផ្អែកលើស្មារតីសម្ព័ន្ធភាពនយោបាយទូលាយជានីតិវិធីកំណត់ការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា កូរ៉ុមសម័យប្រជុំរដ្ឋសភា និងការផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋាភិបាលនីតិកាលថ្មី ក្នុងគោលបំណងបង្កើតវប្បធម៌សន្ទនារវាងដៃគូនយោបាយ។ សម្ព័ន្ធភាពជាដៃគូល្អ និងវប្បធម៌សន្ទនាពុំជាប់លាប់ អាស្រ័យចរិតនយោបាយជ្រុលនិយម នាំឲ្យមានការជាប់គាំងដំណើរការរៀបចំរាជរដ្ឋាភិបាល និងអស្ថិរភាពសង្គម ក្រោយការបោះឆ្នោតនីតិកាលនីមួយៗ។

(៣) ជំហានវឌ្ឍនភាពទី៣៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានកែទម្រង់ឱ្យមានកម្រិតជាស្ថាប័នធម្មនុញ្ញ។ ដើម្បីធានាជំនឿទុកចិត្តលើសមាសភាពចម្រុះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំណត់ឱ្យគណបក្សមានអាសនៈក្នុងរដ្ឋសភា ជាអ្នករៀបចំផ្ទាល់នូវសមាសភាពនៃគណៈកម្មាធិការនេះ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។

(៤) ជំហានវឌ្ឍនភាពទី៤៖ នេះជាជំហានពង្រឹងសណ្តាប់ធ្នាប់គណបក្សនយោបាយ តាមរយៈការកំណត់ដែនបន្ទាត់ក្រហម ទាក់ទងនឹងកាតព្វកិច្ចតម្រូវ ចំពោះគណបក្សនយោបាយនីមួយៗ ដែលត្រូវគោរពរដ្ឋធម្មនុញ្ញនិងច្បាប់។

(៥) ជំហានវឌ្ឍនភាពទី៥៖ ជាការរៀបចំពង្រឹងស្មារតីស្នេហាជាតិមាតុភូមិ តាមរយៈការកំណត់លក្ខណសម្បត្តិ ត្រូវមានសញ្ជាតិខ្មែរពីកំណើតតែមួយគត់ សម្រាប់មុខតំណែងមេដឹកនាំកំពូលនៃស្ថាប័នធម្មនុញ្ញរបស់ជាតិ។

(៦) ជំហានវឌ្ឍនភាពទី៦៖ ជាការបំពេញចន្លោះខ្វះខាតនៃនីតិវិធីធម្មនុញ្ញ ដើម្បីធានាឱ្យស្ថាប័នកំពូលរបស់ជាតិជាពិសេសអំណាចនីតិប្រតិបត្តិ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាព។

គ៖ កម្ពុជាឈានឡើងជាសង្គមនីតិរដ្ឋ ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់

* គោលការណ៍ទី១៖ កម្ពុជាតម្កល់រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ដែលគ្រប់ស្ថាប័នជាតិនិងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរព ។ ជាសមិទ្ធផលធម្មនុញ្ញ គឺ រាជរដ្ឋាភិបាលរក្សាការពារបាន ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី, អនុវត្តនយោបាយបង្រួបបង្រួមជាតិនិងឯកភាពជាតិដោយជោគជ័យ, រក្សាការពារបានល្អ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់ជាតិ, កាតព្វកិច្ចថែរក្សាការពារ ប្រាសាទបុរាណ វត្ថុសិល្បៈបុរាណ, នីត្យានុកូលភាព សណ្តាប់ធ្នាប់និងសន្តិសុខសាធារណៈ, ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឱ្យជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាជនប្រែប្រួលកាន់តែល្អប្រសើរ។

* គោលការណ៍ទី២៖ អំណាចតុលាការ ជាអំណាចឯករាជ្យ មានសមត្ថកិច្ចជម្រះរឿងក្តីទាំងអស់ដែលពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌ រដ្ឋប្បវេណី រួមទាំងសំណុំរឿងរដ្ឋបាល។

* គោលការណ៍ទី៣៖ ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នមានសមត្ថកិច្ចធានាការពារការគោរព រដ្ឋធម្មនុញ្ញដែលជាគ្រឹះនៃការកសាងនីតិរដ្ឋ។ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចការងារសំខាន់ៗក្នុង ការធានាការពារការគោរពរដ្ឋធម្មនុញ្ញ៖ ការថ្វាយមតិព្រះមហាក្សត្រ, ការបកស្រាយរដ្ឋធម្មនុញ្ញការបកស្រាយច្បាប់, ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ និងការសម្រេចលើករណីវិវាទកម្មទាក់ទងនិងការបោះឆ្នោត។

កម្ពុជាក៏មានបញ្ហាប្រឈមខ្លះៗ ហើយក្នុងចំណោមមូលហេតុនៃបញ្ហាទំាងនេះ មានចំណុចមួយចំនួនគួរកត់សម្គាល់គឺ៖

* បញ្ហាទី១ លក្ខណៈជឿនលឿននៃរដ្ឋធម្មនុញ្ញនិងនិន្នាការសកលនៃច្បាប់ថ្មីៗរបស់កម្ពុជា ដែលរងឥទ្ធិពលនៃវប្បធម៌ចម្រុះ មានកម្រិតសកលនិងលក្ខណៈបច្ចេកទេសខ្ពស់ ពិតជាទាមទារនូវពេលវេលាសម្រាប់ការបកស្រាយ ពន្យល់ជាបន្តបន្ទាប់និងខ្ជាប់ខ្ជួន តាមរយៈការពង្រឹងពង្រីកយន្តការអប់រំបណ្តុះបណ្តាល(រួមទាំការបញ្ចូលក្នុងកម្មវិធីសិក្សា អំពីគោលការណ៍ គ្រឹះទាំងឡាយនៃរដ្ឋធម្មនុញ្ញ) និងការផ្សព្វផ្សាយដល់គ្រប់ស្ថាប័នពាក់ព័ន្ធរហូតដល់មហាជន។

* បញ្ហាទី២ កម្រិតយល់ដឹងទូទៅអំពីយុត្តិធម៌ក្នុងក្របខ័ណ្ឌច្បាប់ អាចនៅមានការប្រឈម ក្នុងការអនុវត្ត ដោយសារតែបរិវត្តកម្មនយោបាយ សេដ្ឋកិច្ចនិងច្បាប់ឈានឡើងលឿន ខណៈ ដែលការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត អំពីសិទ្ធិតាមផ្លូវច្បាប់ ទាក់ទងនឹងការប្រើប្រាស់អំណាចរបស់ខ្លួនតាមរយៈសាលាជម្រះក្តី ដែលអាចនាំឱ្យមានគម្លាតយុត្តិធម៌សង្គម ។

ឃ៖ កម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារជារដ្ឋគោរពការពារបបកម្មសិទ្ធិឯកជន និងយុត្តិ ធម៌សង្គម៖ ព្រះរាជាណាចក្រកម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដោយទទួលស្គាល់ គោរព និងការពាររបបកម្មសិទ្ធិឯកជន។ រដ្ឋយកចិត្ត ទុកដាក់ដល់ផលប្រយោជន៍ប្រជាជនជាធំ ដោយលើកស្ទួយយុត្តិធម៌សង្គម ធានាសមធម៌ក្នុងការបែងចែកផលនៃកំណើនសេដ្ឋកិច្ច។

៣៖ សរុបសេចក្តីមក ការអនុវត្តរដ្ឋធម្មនុញ្ញរយៈពេល ៣០ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលដ៏ថ្លៃថ្លា ដូចទៅ ៖

ក- ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស
ខ- ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្រ្តៃយ៍ និងមិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសទាំងអស់លើសកលលោក ដោយអនុវត្តនយោ បាយការបរទេសឯករាជ្យផ្អែកលើច្បាប់
គ-ជារដ្ឋអនុវត្តសេដ្ឋកិច្ចទីផ្សារ គោរពការពារសិទ្ធិមនុស្សនិងយុត្តិធម៌សង្គម ស្របតាម គន្លងស្មារតីនីតិរដ្ឋជាគោល
ឃ-ប្រជាពលរដ្ឋជាម្ចាស់វាសនានៃប្រទេសជាតិ មានជីវភាពរស់នៅដោយសុខដុមរមនា មានសិទ្ធិសេរីភាពទូលំទូលាយក្នុងការចូលរួមសកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ និងរួមរស់ក្នុងភាពសុខដុមជាតិសាសន៍ និងសាសនាយ៉ាងល្អប្រពៃ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ រៀបចំកម្មវិធីផ្សព្វ ផ្សាយនៅគ្រប់បណ្តាខេត្តទាំង២៤ និង ស្ថាប័ននានា នៅរាជធានីភ្នំពេញ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.