សម្តេចតេជោ ហ៊ុន សែន : ឆ្នាំ២០២២ បង្ក្រាបគ្រឿងញៀនគ្រប់ប្រភេទជិត ១៥តោន និងសារធាតុគីមីផ្សំជាង ៥០៤តោន
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ដែលដឹកនាំបញ្ហាផ្ទាល់ដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈផងដែរ។ ជាក់ស្ដែង ក្នុងឆ្នាំ២០២២កន្លងទៅ បទល្មើសគ្រឿងញៀនបង្ក្រាបបានមានចំនួន ៦ ៣៩០ករណី គឺមានការកើនឡើង ប្រមាណ១,៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដែលក្នុងនោះគ្រឿងញៀនគ្រប់ប្រភេទជិត១៥តោន កើនប្រមាណជាង៣ដង និងសារធាតុគីមីផ្សំជាង ៥០៤តោន កើនប្រមាណ ៤៩៤,១៨% ត្រូវបានរឹបអូសបាន និង ធ្វើការដុតបំផ្លាញចោលនៅក្នុងថ្ងៃប្រារព្ធទិវាអន្តរជាតិនេះនៅរាជធានីភ្នំពេញ និងនៅតាមខេត្តគោលដៅមួយចំនួន ហើយជនសង្ស័យចំនួន ១៥ ០០២នាក់ ត្រូវបានឃាត់ខ្លួន ដែលក្នុងនោះមួយចំនួនត្រូវបានបញ្ចូនទៅតុលាការ។
នេះបើយោងតាមសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។




