មុខសញ្ញា #ចោរលួចសកម្ម ១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកសំពៅលូន ស្រាវជ្រាវបង្រ្កាប និងចាប់ខ្លួនបានយកមកអនុវត្តតាមនីតិវិធី
✴️ អនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវសុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ✴️
👉នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៩ និង ៣០ នាទី មានករណី អំពើលួច (យកម៉ូទ័រស្វាន) កើតឡើង ចំនួន ០១ ករណី នៅចំណុចក្រុមទី០២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅលើជនរងគ្រោះឈ្មោះ ហ៊ិន ណុច ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយក ម៉ូទ័រស្វានចំនួន ០២គ្រឿង របស់ជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះ ទុកម៉ូទ័រនៅក្នុងផ្ទះកូនជាងសំណង់ ចំណុចខាងលើ ក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណលួចយកទៅបាត់ ។
បន្ទាប់ពីទទួលបណ្ដឹងជនរងគ្រោះភ្លាមៗ ក្នុងយប់ថ្ងៃកើតហេតុដដែល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ធ្វើការចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យដែលបានធ្វើសកម្មភាពចំនួន ០១ ឈ្មោះ ឡុក យ៉យ ភេទស្រី អាយុ ២៤ ឆ្នាំ រស់នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដកហូតយកវត្ថុតាង ៖ ម៉ូទ័រស្វានចំនួន០២គ្រឿង ដែលជារបស់ជនរងគ្រោះដែលបាត់ បាននៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ៥៥ នាទី នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។
✳️ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា #លួចសកម្ម ចំនួន ០១នាក់ បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ចំពោះសម្ភារះវត្ថុតាង ប្រគល់ជូនម្ចាស់ដើមវិញ ។
——————————-



