មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានស្នើឱ្យអ្នកសារព័ត៌មាន ទាំងអស់ពង្រឹងវិជ្ជាជីវៈ នឹងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ឱ្យកាន់តែមានប្រសិទ្ធភាព

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានស្នើឱ្យអ្នកសារព័ត៌មានទាំងអស់ពង្រឹងវិជ្ជាជីវៈ នឹងចូលរួមលុប បំបាត់ព័ត៌មានក្លែងក្លាយ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីឱ្យសាធារណជនកាន់តែមានទំនុកចិត្តមកលើអ្នកសារព័ត៌មាន។

ថ្លែងក្នុងពិធិបិទសិក្ខាសាលា ស្តីពី ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតរបស់អ្នកសារព័ត៌មាន ដំណាក់ កាលទី២ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍បានឱ្យដឹងថា ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ លុះត្រាតែអ្នកសារព័ត៌ មានត្រូវដឹងឱ្យបានច្បាស់ និងត្រួត ពិនិត្យប្រភពព័ត៌មាន ដោយធ្វើការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់ លាស់មុននឹងចេញផ្សាយ ពិសេសអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលនៅពេលអ្នកសារព័ត៌មានមានចំណេះគ្រប់ គ្រាន់ក្នុងការវែកញែកព័ត៌មានពិត និងព័ត៌មានមិនពិត នោះការចែក ចាយព័ត៌មានឬដំណឹងក្លែងក្លាយ ទាំងនោះនឹងមានការធ្លាក់ចុះ។ ក្នុងន័យនេះ ឯកឧត្តមសង្ឃឹមថា អ្នក សារព័ត៌មានទាំងអស់ ដែលចូលរួមក្នុងសិក្ខាសាលា ស្តីពី ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតរបស់អ្នកសារព័ត៌មាននាពេលនេះ នឹងទទួលបាននូវពុទ្ធិថ្មីៗជាច្រើន ដែលអាចជួយឱ្យអ្នកសារព័ត៌មានទាំង អស់ ពង្រឹងនូវវិជ្ជាជីវៈ និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ក្នុងនោះក៏ត្រូវចាំបាច់មានរបាំង ដើម្បីទប់ស្កាត់នូវដំណឹងក្លែងក្លាយទាំង នោះ ដូចជា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ឧបករណ៍ឬបច្ចេក ទេសនៃការផ្ទៀងផ្ទាត់ព័ត៌មាន វិធានការបទដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រងបរិស្ថាននៃប្រព័ន្ធផ្សព្វផ្សាយ និងការចូលរួមចំណែកក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិតជាដើម។

សំឡេង៖ « ដើម្បីលុបបំបាត់ព័ត៌ មានក្លែងក្លាយ ឬដំណឹងក្លែងក្លាយ ចាំបាច់យើងត្រូវតែមានរបាំងខ្លះ ហើយរបាំងនោះជាអ្វី ទីមួយ គឺតាមរយៈការផ្សព្វផ្សាយ និងវិជ្ជាជីវៈអ្នកសារព័ត៌មានដែលយើងមាន ឬវិជ្ជាជីវៈផ្សេងៗទៀតរបស់អ្នក សារព័ត៌មាន។ ទីពីរ គឺយើងត្រូវតែមានឧបករណ៍ផ្សេងៗទៀត ដូចជាឧបករណ៍បច្ចេកទេស ដែលជារបាំងបច្ចេកទេស ដែលនេះគឺជាឧបករណ៍បច្ចេកទេសមួយ ដើម្បីជា

របាំងការពារនូវព័ត៌មានក្លែងក្លាយ។ ហើយចំណុចទីបី គឺអត់មានអីពីផ្លូវច្បាប់នោះទេ គឺយើងបង្កើតឧបករណ៍ច្បាប់ ដែលគំនិតផ្ដួចផ្ដើមក្នុងការបង្កើតនូវឧបករណ៍ច្បាប់នេះ មិនមែនថ្មីនោះទេ ដែលក្រសួងទទួលបន្ទុកព័ត៌មានអាស៊ាន នៅប្រទេសសាំងហ្គាពួរ នៅឆ្នាំ២០១៨ ដែលនៅឆ្នាំនោះ មានគំនិតផ្ដួចផ្ដើមនៅពេលដែលប្រទេសសិង្ហបុរីខ្លួនឯង គាត់ធ្វើសេចក្ដីព្រាងច្បាប់ ស្ដីអំពីការបង្ក្រាបនូវការក្លែងបន្លំព័ត៌មាន អ៊ីចឹងនៅពេលនោះយើងក៏មានគំនិតផ្ដួចផ្ដើម បានធ្វើរៀបចំនិងជំរុញឱ្យក្រុមការងារ ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។»

ឯកឧត្តមចាត់ទុកថា ការផលិតព័ត៌មានក្លែងក្លាយ បានជះឥទ្ធិពលអវិជ្ជមានជាខ្លាំងទៅលើសង្គម និងប្រទេសជាតិទាំងមូល ដែលអាចធ្វើឱ្យសហគមន៍មានភាពច្របូក ច្របល់ តាមរយៈការបង្កឱ្យមានការរើសអើង អរិភាពរវាងជាតិសាសន៍ និងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់នូវទំនុកចិត្តលើស្ថាប័នសាធារណៈផងដែរ ៕ សម្រួលផ្សាយ៖ កន ចំណាន