ប្រធានក្រុមការងារចុះមូលឃុំដូងស្រុករមាសហែក: ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយសហការយ៉ាងល្អ ជាមួយនឹងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ
ខេត្តស្វាយរៀង:ឯកឧត្តម ហុងវិណុល ប្រធានក្រុមការងារចុះមូលឃុំដូងស្រុករមាសហែក បានមានប្រសាសន៏ថា ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានសហការយ៉ាងល្អ ជាមួយនឹងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីភូមិ ឃុំ មានសុវត្ថិភាព ដ្បិតប្រជាការពារបម្រើការងារដោយស្ម័គចិត្ត ប៉ុន្តែបានជួយដល់កងកម្លាំងមួយផ្នែកធំ ដូចជាដើរល្បាត ការពារ រៀបចំសណ្តាប់ធ្នាប់ និងជួយសម្អាតអនាម័យបរិស្ថានបានល្អថែមទៀតផង។
ការមានប្រសាសន៍បែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៣ ក្នុងពិធីចុះជួបសាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបងប្អូនប្រជាការពារ ប្រចាំ ឃុំដូងចំនួន២២ភូមិសរុប ចំនួន២៣៤នាក់ ។
ឯកឧត្តមបន្តថា យើងមានថ្ងៃនេះ ដោយសារប្រទេសយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចនេះ យើងទាំងអស់គ្នាត្រូវការពារឲ្យបាននូវសន្តិភាព។
ឯកឧត្តម ក៏បានផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្ដចកិត្តិសង្គហបណ្ឌិត ម៉ែនសំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងក៏ដូចជាឯកឧត្តម សៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកដល់បងប្អូនប្រជាការពារដែលបានចូលរួមនាពេលនេះផងដែរ។
ឯកឧត្តម បានមានប្រសាសន៍ឱ្យដឹងថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើនក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើង ដូចជា៖ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងគោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ ជាពិសេស ប្រទេស កម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ។
ឯកឧត្ដម បានស្នើដល់គ្រប់មន្ត្រីនគរបាល និងកម្លាំងប្រជាការពារទាំងអស់ ត្រូវតែការពារសុខសន្តិភាព និងបន្តរៀបចំសណ្តាប់ធ្នាប់ ក្នុងពេលដំណើរការឃោសនាការបោះឆ្នោតក៏ដូចជាថ្ងៃបោះឆ្នោត នាថ្ងៃអាទិត្យទី២៣ខែកក្កដាឆ្នាំ២០២៣ នាពេលខាងមុខនេះផងដែរ។
បន្ទាប់មក ឯកឧត្តមហុងវិណុល ក៏បានឧបត្ថម ដល់ប្រជាការពារ មានមួក អាវយឹត ស អាវប្រជាការពារមួយឈុត (មានស្បែកជើង ខោ អាវមួក)និងថវិការ ក្នុងម្នាក់ៗ៥ម៉ឺនរៀល ជាការលើកទឹកចិត្តដល់កម្លំាង ប្រជាការពារ ដែលបានខិតខំបម្រើសង្គមនាពេលកន្លងមក ។




