(ភ្នំពេញ)៖ លោកមេធាវី វ៉ាន់ថាន់ ពៅដារ៉ា ទីប្រឹក្សាសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងវគ្គបណ្តុះបណ្តាលពិសេស «តួនាទីសារព័ត៍មានក្នុងដំណើរការបោះឆ្នោត, ការពង្រឹងតួនាទីសារព័ត៍មាន ក្នុងបរិបទឌីជីថល និងធ្វើការអ្នកនាំពាក្យ» ដែលរៀបចំឡើងដយ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ លោកមេធាវី វ៉ាន់ថាន់ ពៅដារ៉ា បានធ្វើបទបង្ហាញក្រោម ប្រធានបទ៖ «ច្បាប់ សេរីភាពសារព័ត៌មាន ការបញ្ចេញមតិ និងក្រមសីលធម៌»។
អ្វីដែលការកត់សម្គាល់ លោកមេធាវី វ៉ាន់ថាន់ ពៅដារ៉ា បានពន្យល់លម្អិតត្រង់មាត្រា ១៩ នៃកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ កតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ មាន ៣ចំណុចសំខាន់ៗដែលពលរដ្ឋ ជាពិសេសអ្នកសារព័ត៌ត្រូវដឹង៖
ទី១៖ ជនគ្រប់រូបមានសិទ្ធិប្រកាន់មតិដោយ គ្មានការជ្រៀតជ្រែក។
ទី២៖ ជនគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការ បញ្ចេញមតិ។ សិទ្ធិនេះរាប់បញ្ចូលទាំងសេរីភាពស្រាវជ្រាវព័ត៌មាន ទទួល និង ផ្សព្វផ្សាយព័ត៌មាននិងគំនិតិសព្វបែប យ៉ាងដោយមិនគិតពីព្រំដែនដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ព តាមទម្រង់ សិល្បៈក្តី ឬក៏ដោយមធ្យោបាយ ផ្សព្វផ្សាយដទៃទៀតក្ដី តាមការជ្រើសរើសរបស់ខ្លួន។
ទី៣៖ ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុង កថាខណ្ឌ២ នៃមាត្រានេះ តម្រូវឱ្យមាន ករណីកិច្ច និងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះ អាចមានការ រឹតត្បិតមួយចំនួន ដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ ដើម្បី គោរពសិទ្ធិ និងកិត្តិសព្ទរបស់អ្នក និងការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ ។
សូមជំរាបថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេស «តួនាទីសារព័ត៍មានក្នុងដំណើរការបោះឆ្នោត, ការពង្រឹងតួនាទីសារព័ត៍មាន ក្នុងបរិបទឌីជីថល និងធ្វើការអ្នកនាំពាក្យ» មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៣។ នៅក្នុងវគ្គបណ្តុះបណ្តាលពិសេសនេះ មានសិក្ខាកាមចូលរួមប្រមាណជា ១០០នាក់ នឹងទទួលបានការចែករំលែកបទពិសោធន៍ និងចំណេះដឹងជាមូលដ្ឋានពីគ្រូឧទ្ទេសជំនាញៗ ៧រូប តាមរយៈបទបង្ហាញចំនួន ៧ រួមមាន៖
១.ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងដំណើរការបោះឆ្នោត និងក្រមសីលធម៌របស់អ្នកសង្កេតការណ៍បោះឆ្នោត។
២.ការត្រៀមខ្លួនរបស់អ្នកសារព័ត៌មានទាក់ទិនការបោះឆ្នោត និងមុំព័ត៌មានសំខាន់ៗទាក់ទិនការបោះឆ្នោត
៣.ការចាប់យកឌីជីថលទៅក្នុងការងារព័ត៌មាន ដើម្បីពង្រីកការផ្សព្វផ្សាយ និងអ្វីទៅសុវត្ថិភាព Internet?
៤.ស្វែងយល់ពីការដឹកនាំគ្រប់គ្រងអង្គភាពសារព័ត៌មាន និងការស្វែងរកទីផ្សារ ហិរញ្ញវត្ថុ សម្រាប់ទ្រទ្រង់អាជីវកម្មសារព័ត៌មាន។
៥.ស្វែងយល់ពីកិច្ចការអ្នកនាំពាក្យ កិច្ចការសាធារណៈ និងការងារផ្សព្វផ្សាយមហាជន។
៦.ស្វែងយល់ពីវិធីបង្ការសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មានក្នុងពេលចុះបំពេញការងារ, ការយល់ដឹងជាមូលដ្ឋានរបៀបដោះស្រាយលើសំណើទាមទារការកែតម្រូវខ្លឹមសារផ្សាយ, និងការដោះស្រាយបណ្តឹងនៅតុលាការ។
៧. តួនាទីសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិ នៅក្នុងដំណើរការប្រជាធិបតេយ្យ, ការកសាងសន្តិភាព, និងការកសាងសង្គមស៊ីវិល័យ៕





