សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការបោះពុម្ពសន្លឹកឆ្នោត ចាប់ដំណើរការហើយ ដោយមិនថយក្រោយព្រោះតែបក្សពីរនោះទេ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដំណើរការបោះពុម្ពសន្លឹកឆ្នោតហើយ គឺមិនដើរថយក្រោយ ព្រោះតែគណបក្សមួយ ឬពីរបក្សនោះទេ ទោះបីតវ៉ាយ៉ាងណាក៏ដោយ។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «គេ គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោតហើយគេអត់ថយក្រោយដោយសារម្នាក់ ឬពីរនាក់ ម៉ាបក្ស ឬពីរបក្សទេ គេអត់ថយក្រោយទេ ទោះបីតវ៉ាដល់ងាប់ខ្លួនទៅទៀត ក៏គ្មានអ្នកគេធ្វើដែរ»។ សម្ដេចតេជោបានបន្ដថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ ជាផ្លូវការលើការចុះបញ្ជី របស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ដោយឡែកគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធក្នុងការចុះបញ្ជី។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ចំពោះការចាប់លេខរៀង គណបក្សនយោបាយទាំង១៨ នោះ គណបក្សប្រជនកម្ពុជា បានលេខរៀងទី១៨ ដែលជាលេខងាយស្រួល ចំណាំផងដែរ។
សូមរម្លឹកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំ សញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅ លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕ដោយ៖ ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ ធូ កុសល



