សកម្មជនប្រឆាំង ៣នាក់ ដែលត្រូវតុលាការដាក់ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ចេញវីដេអូថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន
(រតនគិរី)៖ សាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចដោះលែង ថេង សាវឿន, ញ៉ិល ភាព និង ថាន់ ហាច ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយឱ្យស្ថិតក្រោមការត្រួតពិនិត្យ ពីបទ «រួមគំនិតក្បត់ និងបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
បន្ទាប់ពីការដោះលែង អ្នកទាំង៣ បានចេញវីដេអូសម្តែងនូវការសោកស្តាយចំពោះទង្វើរបស់ខ្លួន និងសូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចក្រឡាហោម ស ខេង ចំពោះក្តីសណ្តោសប្រណីដល់ពួកគេ។ ទន្ទឹមនេះ ពួកគេបានសន្យាមិនជឿលង់តាមការអូសទាញរបស់បុគ្គលបរទេស និងក្រុមអ្នកនយោបាយជ្រុលនិយម ទៀតឡើយ។
សូមជម្រាបថា លោក ថេង សាវឿន ប្រធានសមាគមកសិករនៅខេត្តរតនគិរី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានសរសេរលិខិត និងវីដេអូសុំទោសចេញពីពន្ធនាគារ ចំពោះអ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តនាពេលកន្លងមក ដោយជឿតាមការញុះញង់របស់គណបក្សប្រឆាំង និងបរទេសមួយចំនួន។
ក្នុងលិខិតសុំទោសដែលបណ្ដាញព័ត៌មាន ទទួលបានលោក ថេង សាវឿន បានអះអាងថា កន្លងទៅខ្លួនបានជឿតាមការចង្អុលរបស់បរទេសមួយចំនួន និងក្រុមនយោបាយប្រឆាំងមួយចំនួន ក្នុងរូបភាពញុះញង់បង្កចលាចលធ្វើឲ្យបាត់បង់ និងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងសាធារណៈប្រមូលផ្ដុំសមាជិក ក្នុងគោលបំណងផ្ដួលរលំរាជរដ្ឋាភិបាលដោយមិនដឹងខ្លួន។
ក្រោយពីទទួលស្គាល់កំហុសដែលប្រព្រឹត្តកន្លងមក លោក ថេង សាវឿន សន្យាចំពោះមុខច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចថា នឹងមិនប្រព្រឹត្តសកម្មភាពទាំងឡាយ ដែលខុសពីលក្ខន្ដិកៈតម្កល់នៅក្រសួងមហាផ្ទៃ ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ មួយវិញទៀត លោកសន្យាដកខ្លួនចេញពីសកម្មភាពនយោបាយ ដែលមានគោលដៅផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់៕
ខាងក្រោមជាវីដេអូរបស់អ្នកទាំង៣៖




